រដ្ឋលេខាធិការ ផូ ផារិទ្ធ ចុះត្រួតពិនិត្យ វាយតម្លៃការងារលើកកម្រិតគុណភាពផ្លូវ ១ខ្សែ និងសំណង់សិល្បការ្យ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ)៖ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ មាន ៤កំណាត់ ប្រវែងសរុប ៣ ៦០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ថ្លែងនាឱកាសនោះលោក ផូ ផារិទ្ធ បានបញ្ជាក់ជុំវិញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតាមជនបទនេះថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការផ្តល់សេវាសង្គមនានាជាច្រើន ដើម្បីសេដ្ឋកិច្ច សង្គមកិច្ច និងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅតាមមូលដ្ឋាន សម្រាប់ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ។

លោក ផូ ផារិទ្ធ ក៏បានបញ្ជាក់ទៀតថា ចាប់តាំងពីកម្ពុជាទទួលបានសុខសន្តិភាព បណ្តាញផ្លូវនៅតាមជនបទ បានកើតឡើងជាហូរហែរ ពោលគឺតំបន់ដែលគ្មានផ្លូវ មកមានផ្លូវដើរបាន, តំបន់ដែលមានផ្លូវពិបាក មកមានផ្លូវធ្វើដំណើរបានស្រួល ជាក់ស្តែងគិតមកដល់ពេលនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង សម្រាប់ផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

លោករដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវរបស់នាយកដ្ឋានវិស្វកម្ម ក្រសួងការពាជាតិ ដែលបានស្ថាបនាចប់សព្វគ្រប់ទៅតាមផែនការ ដោយសារផ្លូវគឺជាអាទិភាពទី១ ដែលក្រសួងបានផ្តោតសំខាន់លើការអភិវឌ្ឍ និងជាតម្រូវការចាំចាច់ ដើម្បីជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទៅកាន់តំបន់ផលិតកម្មផ្សេងៗ និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ ជាពិសេសទំនាក់ទំនងក្នុងសេដ្ឋកិច្ច និងសង្គម និងការទទួលសេវាផ្សេងៗជាដើម៕